15 May 2026, 11:36 GMT
By ប្រាជ្ញ ចេវ
អ្នកតាមដានបានមើលឃើញថា ការប្ដឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (IJC) ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ដើម្បីឱ្យដោះស្រាយជម្លោះដែនទឹកត្រួតស៊ីគ្នាជាមួយថៃ នឹងអាចធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់ត្រកូល «ហ៊ុន» ប្រសិនបើការសម្រេចឱ្យកម្ពុជាឈ្នះក្ដីពីតុលាការទាំងពីរនេះ នឹងក្លាយជាគំរូគតិយុត្តិ ដែលត្រូវយកទៅអនុវត្តទាំងទៅលើប្រទេសថៃ និងប្រទេសវៀតណាម។ អ្នកឃ្លាំមើលថា ការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងប្រើរយៈពេលយូរ ហើយមិនមានដំណោះស្រាយច្បាស់លាស់៕ អ្នកតាមដានភូមិសាស្ដ្រនយោបាយលោក សេង វណ្ណលី បានប្រាប់វិទ្យុអាស៊ីសេរីថា ជាការប្រថុយប្រថានមួយ ដែលអាចធ្វើឱ្យរង្គោះរង្គើដល់ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្ដវៀតណាម ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់វៀតណាមនៅក្នុងតំបន់សមុទ្រ ដោយសារតែជម្លោះដែនសមុទ្ររវាងកម្ពុជានិងថៃ។ ប្រសិនបើកម្ពុជាឈ្នះក្ដីលើថៃ ដោយផ្អែកទៅលើការបកស្រាយច្បាប់សមុទ្រណាមួយ ការបកស្រាយនោះ នឹងត្រូវយកមកអនុវត្តជាមួយវៀតណាមដូចគ្នា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់វៀតណាម នៅក្នុងតំបន់សមុទ្រ ដែលលោក ហ៊ុន សែន ធ្លាប់ព្រមព្រៀងជាមួយវៀតណាម។ ភាពរង្គោះរង្គើរវាងគណបក្សបងប្អូនទាំងពីរនេះ ជាហានិភ័យនយោបាយ ដែលរបបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនហ៊ានប្រថុយប្រថាន នៅពេលនេះទេ។ អ្នកតាមដានភូមិសាស្ដ្រនយោបាយលោក សេង វណ្ណលី ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រកាសថា នឹងប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នា បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដោយឯកតោភាគី។ យន្តការផ្សះផ្សាដោយចាប់បង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ នឹងមិនអាចចាប់បង្ខំឱ្យភាគីណាមួយត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់ខ្លួន ដូចទៅនឹងសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រឡើយ។ លោក សេង វណ្ណលី បានបន្តថា លោក ហ៊ុន ម៉ាណែត ចង់អូសថៃវិលមកតុចរចាគ្នាតាមទ្វេភាគីវិញនៅពេលនេះ ដើម្បីប្រាប់ពលរដ្ឋថា ខ្លូនបានធ្វើសកម្មភាពការពារជាតិផង និងដើម្បីចៀសផុតការបង្កបញ្ហាស្មុកស្មាញដល់វៀតណាមផង។ លោកបានបន្ថែមថា បើទោះបីជាយន្តការនេះ មានហានិភ័យធំ ប្រសិនបើប្រទេសថៃគ្រាន់តែចូលរួមបង្គ្រប់កិច្ច ហើយនឹងមិនអនុវត្តតាមសេចក្ដីសម្រេចចុងក្រោយក្ដី។ ចំណែកមន្ត្រីកិច្ចការព្រំដែននៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក អ៊ុំ សំអាន បានយល់ឃើញថា ការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺគ្រាន់បើជាងការចរចាទ្វេភាគី។ ប៉ុន្តែលោកថា ដោយសារកម្ពុជាជាប្រទេសទន់ខ្សោយជាងថៃ នឹងធ្វើឱ្យការផ្សះផ្សាឬចរចាទ្វេភាគី ចាញ់ប្រៀបថៃ ដូច្នេះ កម្ពុជាត្រូវប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ទើបអាចទាមទារដែនសមុទ្រត្រួតស៊ីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ ដែលមានធនធានរ៉ែប្រេងនិងឧស្ម័នតម្លៃប្រហែល៣០០ពាន់លានដុល្លារ និងពាក់កណ្ដាលនៃកោះគជ់មកវិញ។ ហើយថា នឹងប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំហ្នឹង មិនដឹងថាប្រើឬក៏អត់ផង។ ពីព្រោះដូចកន្លងមក លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថានឹងប្ដឹងទៅ ICJ រហូតមកដល់ពេលនេះ អត់ទាន់បានប្ដឹង។ អ៊ីចឹង គ្រាន់តែនិយាយចោល ហើយមិនប្រើយន្តការហ្នឹង ក៏អាចថាបាន។ មន្ត្រីរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក អ៊ុំ សំអាន ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រកាសក្រោយពីជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសហ្វីលីពីនថា កោះគជ់នៅតែជាកម្មសិទ្ធិរបស់ប្រទេសថៃ បើទោះបីជាបានលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជាក្ដី៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
⤓
Download metadata bundle