US Agency for Global Media

News and Information from Around the World

← Back to Direct feed
Download metadata bundle

លោក ហ៊ុន ម៉ាណែត នឹងមិនចាត់ការលោក ហ៊ុន តូ ឱ្យសងលុយអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ ទេ

2 May 2026, 13:29 GMT By ប្រាជ្ញ ចេវ
លោក ហ៊ុន ម៉ាណែត នឹងមិនចាត់ការលោក ហ៊ុន តូ ឱ្យសងលុយអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ ទេ
អ្នកតវ៉ាម្នាក់លើករូបថតលោក ហ៊ុន តូ សហប្រធានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និងជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុងពេលតវ៉ានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទារលុយ ដែលត្រូវក្រុមហ៊ុន ហួយវ័ន ផេ បង្កកទុក៕
Credit: ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា​លោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» គ្មាន​សមត្ថភាព​ដោះស្រាយ​រឿង​លុយ​កាក់​ឱ្យ​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ឡើយ ទើប​ប្រើ​កង​កម្លាំង​វាយ​បង្ក្រាប​យ៉ាង​ហិង្សា ដើម្បី​កុំ​ឱ្យ​មាន​សកម្មភាព​ចេញ​តវ៉ា​ត​ទៅ​ទៀត។ លោក​បន្ត​ថា ម្យ៉ាងទៀត រដ្ឋាភិបាល​ត្រកូល «ហ៊ុន» និង​ធនាគារ​ជាតិ ក៏​ជា​អ្នក​គប់គិត​ជាមួយ​ឧកញ៉ា ហ៊ុន តូ ឱ្យ​បន្ត​ធ្វើ​សកម្មភាព​រក​ស៊ី​បោកប្រាស់​ដែរ បើទោះជា​ក្រុមហ៊ុន ហួយវ័ន ផេ បាន​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​យ៉ាង​ណា​ក្ដី។ ប្រសិនបើ​ជន​រងគ្រោះ ចង់​ឱ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ ពួក​គាត់​គួរ​តែ​បន្ត​តវ៉ា​រហូត​ទៅ​ដល់​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក ចេញ​វិធានការ​តាម​ចាប់​ឧកញ៉ា​ធំៗ របស់​ក្រុម​គ្រួសារ​ហ៊ុន​នោះ​តែ​ម្ដង ដូចជា លោក ហ៊ុន តូ លោក កុក អាន លោក លី យ៉ុងផាត់ និង​លោក ទ្រី ភាព ជាដើម។ ទាល់​តែ​ដល់​ដំណាក់កាល សហរដ្ឋអាមេរិក​ចេញ​វិធានការ​តាម​ចាប់ ទើប​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ដោះស្រាយ​ខ្លះ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា​លោក គឹម សុខ ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ អម​ដោយ​ក្រុម​កងសន្ដិសុខ បាន​ចុះ​បង្ក្រាប​វាយ​ដំ​លើ​ក្រុម​អ្នក​តវ៉ា​រឿង​បាត់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ និង​បាន​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ពីរ​នាក់​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាម និង​ដេក​សន្លប់​ស្ដូកស្ដឹង រហូត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​ជា​អ្នក​ម៉ៅការ​សំណង់ និង​ជា​កម្មករ​សំណង់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​អាជ្ញាធរ​ចោទប្រកាន់​ថា ជា​អ្នក​កៀរគរ​ធ្វើ​បាតុកម្ម ទាំង​ដែល​ពួកគេ​ចេញ​មក​តវ៉ា ដើម្បី​ទាមទារ​លុយ​ថ្លៃ​ធ្វើ​សំណង់ ដែល​តម្កល់​ទុក​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ។ ជុំវិញ​បញ្ហា​នេះ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បាន​ចេញ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​កើតឡើង​រវាង​ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ និង​កងកម្លាំង​សមត្ថកិច្ច។ ទោះជាយ៉ាងណា អ្នកស្រី​នៅ​តែ​ជំរុញ​ឱ្យ​ក្រុម​អតិថិជន នាំគ្នា​ប្ដឹង​ទៅ​តុលាការ និង​ឈប់​លើក​គ្នា​មក​តវ៉ា​នៅ​ធនាគារ​ជាតិ​ទៀត ពីព្រោះ​សំណុំ​រឿង​ក្រុមហ៊ុន ហួយវ័ន ផេ លែង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ធនាគារ​ជាតិ​ហើយ ដោយសារ​បាន​ដក​អាជ្ញាបណ្ណ​តាំង​ពី​ឆ្នាំ២០២៥។ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​​លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ការ​គេចវេះ​មិន​ទទួល​ខុសត្រូវ​របស់​ធនាគារ​ជាតិ ហើយ​បន្ត​ទុក​ឱ្យ​ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ចេញ​តវ៉ា​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ធនាគារ​ទាំង​មូល​នៅ​កម្ពុជា។ ជា​ធម្មតា ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ប្រទេស​យើង គ្មាន​ធនាគារ​ណា​មួយ ដែល​ធ្វើ​ប្រតិបត្តិការ​ក្រៅ​ពី​ការ​គ្រប់គ្រង​របស់​ធនាគារ​ជាតិ​ទេ។ អ៊ីចឹង ខ្ញុំ​យល់​ថា វា​ជា​រឿង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។ អ៊ីចឹង រាល់​ប្រតិបត្តិការ​សាច់​ប្រាក់ ទឹក​ប្រាក់ នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ធ្វើ​ឱ្យ​គេ​មើលឃើញ​មាន​ហានិភ័យ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឱ្យ​អ្នក​ជំនួញ សេដ្ឋកិច្ច ពាណិជ្ជកម្ម មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រព័ន្ធ​ធនាគារ​ផ្សេង​ទៀត ប្រសិនបើ​ធនាគារ​ជាតិ​លើក​ឡើង​បែប​ហ្នឹង៕ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា កាល​ពី​ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយវ័ន ផេ ដោយ​អះអាង​ថា ពី​ចន្លោះ​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៥ ក្រុមហ៊ុន​នេះ បាន​ជួយ​លាង​លុយ​កខ្វក់​ចំនួន​៤​ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ចោរ​បច្ចេកវិទ្យា​ប្រទេស​កូរ៉េ​ខាង​ជើង និង​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​អន្តរជាតិ​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន ហួយវ័ន ផេ បាន​ដាក់​ឈ្មោះ​លោក ហ៊ុន តូ ដែល​ជា​ក្មួយ​ប្រុស​លោក ហ៊ុន សែន ធ្វើ​ជា​សហ​ប្រធាន​ដ៏​សំខាន់​ម្នាក់ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​មក ពុំ​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​របស់​កម្ពុជា បើក​ការ​ស៊ើបអង្កេត​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​គ្រាន់​តែ​ឃើញ​ក្រុម​អ្នក​មាន​អំណាច​នាំ​គ្នា យក​ស្រា​ថ្លៃៗ ផ្លែឈើ និង​បាច់​ផ្កា​ទៅ​ជូន​ជា​អំណោយ​ដើម្បី​អបអរ​ខួប​កំណើត​ឱ្យ​លោក ហ៊ុន តូ ប៉ុណ្ណោះ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។